
05 Sep ក្រុមហ៊ុន MJQE ត្រៀមរៀបចំព្រឹត្តិការណ៍ឱ្យបុគ្គលិក និងសិស្សរត់គេចអគ្គិភ័យ
នៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ បុគ្គលិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សរុបជាង៦០០នាក់ នឹងធ្វើលំហាត់រត់គេចអគ្គិភ័យ ដែលដឹកនាំដោយមន្រ្តីជំនាញមកពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ។
ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ក្នុងគោលបំណងបង្ការទុកក្រែងពេលមានអគ្គិភ័យកើតឡើងដោយយថាហេតុណាមួយ មិនថាបុគ្គលិក ឬសិស្សានុសិស្ស ពួកគេនឹងដឹងពីវិធីរត់គេច និងមានស្មារតីគ្រប់គ្រាន់ក្នុងការជម្លៀសខ្លួនទៅកាន់ទីកន្លែងសុវត្តិភាព។
លោក តុង ភក្តិ ប្រធានគ្រប់គ្រងផ្នែកសុវត្តិភាពសាលា និងសាធារណៈ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានប្រាប់គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រថា នេះគឺជាលើកទី១ហើយដែលក្រុមហ៊ុនមួយនេះ នាំបុគ្គលិក ព្រមទាំងសិស្សានុសិស្សមួយចំនួនធ្វើលំហាត់រត់គេចអគ្គិភ័យ។ លោកបន្តថា ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងដូចកើតមានហេតុការណ៍អគ្គិភ័យកើតឡើង ដើម្បីឱ្យពួកគេដឹងពីវិធីការពារខ្លួន និងជួយខ្លួនឯងបានពេលមានអគ្គិភ័យកើតឡើងជាក់ស្តែង។
លោក តុង ភក្តិ«ហើយនៅថ្ងៃនោះដែរ យើងបានត្រៀមគណៈកម្មការសម្រាប់ពន្លត់ គណៈកម្មការជម្លៀស គណៈកម្មការខាងរុករកនិងសង្រ្គោះ ក្រុមគ្រូពេទ្យសម្រាប់ត្រៀមជួយសង្រ្គោះបឋមពេលមានអ្នករបួសផងដែរ»។
ជុំវិញព្រឹត្តិការណ៍នេះដែរ លោក ជា សម្បត្តិ នាយកចាងហ្វាង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានឱ្យដឹងថា លំហាត់រត់គេចអគ្គិភ័យដែលរៀបចំនៅដើមសប្តាហ៍ក្រោយនេះ ក្រៅពីឱ្យចង់ឱ្យបុគ្គលិកដឹងពីវិធីនៃការជម្លៀសសិស្ស និងខ្លួនឯង ក៏ចង់ឱ្យសិស្សានុសិស្សគ្រប់គ្នាដឹងពីវិធីធ្វើយ៉ាងណាឱ្យខ្លួនមានសុវត្តិភាព នៅពេលជួបហេតុការណ៍អគ្គិភ័យ។
លោក ជា សម្បត្តិ៖«យើងក៏ចង់ឱ្យសិស្សានុសិស្សយើងបានដឹងដែរ បើសិនជាមានអគ្គិភ័យហ្នឹងកើតឡើងមែនទែន គឺគាត់មានស្មារតីប្រុងប្រយ័ត្ន មិនភ័យខ្លាចមិនតក់ស្លុត គឺគាត់បានរៀនពីការធ្វើលំហាត់ហ្នឹងហើយហើយ និងធ្វើឱ្យសិស្សានុសិស្សយើងដឹងពីរបៀបការជម្លៀសខ្លួនគួរទៅកន្លែងណា គួររត់តាមណា ទៅច្រកណា»។
គួរជម្រាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាគ្រឹះស្ថានអប់រំស្តង់ដារកូនកាត់អាមេរិកាំង បានគិតគូរជាចម្បងទៅលើសុខ សុវត្តិភាព របស់សិស្សានុសិស្សគ្រប់គ្នា ដែលធ្វើឱ្យអ្នកអាណាព្យាបាលសិស្សមានទំនុកចិត្តបញ្ចូនកូនមករៀននៅសាលារៀនមួយនេះ៕
Sorry, the comment form is closed at this time.