ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
អ្នកឧកញ៉ាមានសញ្ជាតិខ្មែរ-អាមេរិក ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ជនស្នេហាជាតិ និងជាសហគ្រិនមួយរូប។ បច្ចុប្បន្ន គាត់ត្រូវគេស្គាល់ថាជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងមានបុត្រសម្ពន្ធគឺ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) ហើយលោកមានឯកទេសផ្នែក អប់រំ និងការអភិវឌ្ឍសហគមន៍ផងដែរ។ បច្ចុប្បន្ន អ្នកឧកញ៉ាមានតំណែងជា សមាជិកទីប្រឹក្សា និងជាអនុប្រធានក្រុមការងារផ្នែកអប់រំ នៃសភាពាណិជ្ជកម្មកម្ពុជា, ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្រ្តីកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, សមាជិកស្ថាបនិក និងទីប្រឹក្សា នៃក្លិបអ្នកវិនិយោគកម្ពុជា, ទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា, ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន និងស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងចាងហ្វាងនៃអឹម ជេ ឃ្យូ មេឌា ណេតវើក។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ អ្នកឧកញ៉ា បានសិក្សានៅសាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ បន្ទាប់មក លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្រ្តទូទៅ។ ក្នុងឆ្នាំ២០០៧ អ្នកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ ពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក។
អ្នកឧកញ៉ា បានធ្វើការជាសាស្ត្រាចារ្យវិទ្យាសាស្រ្ត បង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង Los Angeles រដ្ឋ California មុនពេលដែលអ្នកឧកញ៉ាវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០២ ក្នុងនាមជាពេទ្យស្ម័គ្រចិត្ត មានតួនាទីជាទីប្រឹក្សាយោបល់នៃគម្រោង សមាហរណកម្មការគ្រប់គ្រងជំងឺកុមារ (Integrated Management of Childhood Illness, IMCI) និងសុខភាពសាធារណៈរបស់អង្គការ ដៃគូដើម្បីអភិវឌ្ឍន៍ “Partners for Development” ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ ក្រោយមក អ្នកឧកញ៉ាបានកាន់តំណែងជាសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យាល័យ គណិតសាស្រ្ត វិទ្យាសាស្រ្ត និងវិស្វកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ហើយលោកក៏ទទួលបានការតែងតាំងជា ស្ថាបនិកព្រឹទ្ធបុរស អនុប្រធានគណៈកម្មការអប់រំ និងក៏ជាសាស្រ្តាចារ្យ ផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា មុនពេលលោកបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នាឆ្នាំ២០០៥។
អ្នកឧកញ៉ា ត្រូវគេទទួលស្គាល់ចំពោះការចូលរួមយ៉ាងសកម្មរបស់លោកក្នុងកិច្ចការងារមនុស្សធម៌ ការអភិវឌ្ឍសហគមន៍ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងការបម្រើសេវាសង្គម ក្នុងតួនាទីជានាយកប្រតិបត្តិនៃ មូលនិធិ ម៉េងលី ជេ. គួច ដែលបង្កើតឡើងក្នុងឆ្នាំ២០០៥។
ពានរង្វាន់កិត្តិយសចុងក្រោយ ដែលអ្នកឧកញ៉ាទទួលបាន មានដូចខាងក្រោម៖
ស្នាដៃនិពន្ធដោយអ្នកដទៃ
សំណើអញ្ជើញ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមជាវាគ្មិនកិត្តិយស
មន្ត្រីទំនាក់ទំនងសាធារណៈ
លោក គួច ផល ជាមន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។
ជាកូនច្បងក្នុងចំណោមបងប្អូនប្រាំបីនាក់ លោក គួច ផល កើតនៅខែមេសា ឆ្នាំ១៩៦៤ ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ ដូចជាប្រជាជនកម្ពុជាដទៃទៀតដែរ លោក គួច ផល បានឆ្លងកាត់កុមារភាព និងយុវភាពក្នុងរបប ប៉ុល ពត មុនពេលដែលលោក និងក្រុមគ្រួសារបានទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ១៩៨៤។
មុនពេលដែលលោកចាកចេញទៅសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ ១៩៨៤ លោក គួច ផល ធ្លាប់ប្រកបរបរអាជីវកម្ម ក៏ដូចជាធ្វើការ និងការងារស័្មគ្រចិត្តជាច្រើន។ នៅពេលដែលកំពុងសិក្សានៅវិទ្យាល័យក្នុងខេត្តបាត់ដំបង លោក គួច ផល បានបង្កើតអាជីវកម្មមួយគឺការនាំទំនិញចូលមកពីប្រទេសថៃមកលក់នៅស្រុកកំណើត និងរាជធានីភ្នំពេញ។ ក្រោយមកទៀត នៅជំរំជនភៀសខ្លួន ខាវអីដាង នៅក្នុងខែឧសភា ឆ្នាំ១៩៨២ លោកបានធ្វើការនៅមណ្ឌលជួយសង្គ្រោះអន្តរជាតិ (International Rescue Center, IRC) ជាជំនួយការមន្ទីរពិសោធន៍ផ្នែកវិភាគទឹកនោម ប៉ារ៉ាស៊ីតវិទ្យា និងមីក្រូទស្សន៍។
លោកធ្វើការនៅមណ្ឌលជួយសង្គ្រោះអន្តរជាតិរហូតដល់ខែមេសា ឆ្នាំ១៩៨៣ ហើយក្នុងខែមេសាដដែលនោះដែរ លោកទទួលបានការងាររបស់រដ្ឋាភិបាលអាមេរិក ជាអ្នកបកប្រែភាសារបស់ទីភ្នាក់ងារអ្នកស័្មគ្រចិត្ត (JVA) រយៈពេលប្រាំមួយខែ។ នៅក្នុងខែតុលា ឆ្នាំ១៩៨៣ គ្រួសារបស់លោក ផល គួច បានជាប់ការសម្ភាសទៅរស់នៅសហរដ្ឋអាមេរិក និងបានផ្ទេរមករស់នៅជំរំបណ្ដោះអាសន្នឈុនបុរីប្រហែលពីរសប្ដាហ៍ មុនពេលដែលផ្ទេរទៅកាន់ជំរំជនភៀសខ្លួនក្នុងប្រទេសហ្វីលីពីនដែលមានឈ្មោះថា PNRC Philippine Refugee Center។ រយៈពេលប្រាំមួយខែនៅជំរំជនភៀសខ្លួនសាអាន បាត៉ាអាន ប្រទេសហ្វីលីពីន លោកបានធ្វើការងារស្ម័គ្រចិត្តជាគ្រូបង្រៀនភាសាអង់គ្លេស និងអ្នកបកប្រែតម្រង់ទិសវប្បធម៌សម្រាប់ជនភៀសខ្លួនថ្មី ជាតួនាទីមួយដែលគេគោរពរាប់អានបំផុតក្នុងជំរំជនភៀសខ្លួន ។
ក្រោយពីបានមករស់នៅទឹកដីសហរដ្ឋអាមេរិក លោក គួច ផល បានសិក្សានៅមហាវិទ្យាល័យ Sourhland College ក្នុងក្រុងឡូសអានជឺឡេស និងបញ្ចប់ការសិក្សា ទទួលបានសញ្ញាបត្រ លេខាធិការផ្នែកច្បាប់ក្នុងឆ្នាំ១៩៨៥។ លោក ផល គួច បានប្រឡងជាប់សញ្ញាបត្រដែលមានតម្លៃស្មើសញ្ញាបត្រវិទ្យាល័យក្នុងខែកញ្ញា ឆ្នាំ១៩៨៥ និងបន្តការសិក្សានៅមហាវិទ្យាល័យ Los Angeles Trade College និងបានបញ្ចប់បរិញ្ញាបត្ររងផ្នែកបច្ចេកវិទ្យាវិស្វកម្មអេឡិចត្រូនិចនៅក្នុងខែមិថុនា ឆ្នាំ១៩៨៧។
ក្រោយបញ្ចប់ការសិក្សា លោក គួច ផល បានធ្វើការជាអ្នកបច្ចេកទេសផ្នែកអេឡិចត្រូនិចក្នុងក្រុមហ៊ុន Q-tech Corporation។ ក្រោយមក នៅក្នុងខែមិថុនា ឆ្នាំ១៩៨៩ លោកក៏បានផ្លាស់ប្តូរទៅធ្វើការនៅក្រុមហ៊ុន Teledyne Control ជាអ្នកធ្វើតេស្ត និងជួសជុលទិន្នន័យហោះហើរ និងប្រអប់ខ្មៅទាំងអស់រយៈពេលប្រាំឆ្នាំ មុនពេលចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនក្នុងឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ប៉ុន្តែលោក ផល គួច បានបន្តធ្វើការនៅក្រុមហ៊ុន Teledyne Control រហូតដល់ឆ្នាំ១៩៩៤៕
មន្ត្រីទំនាក់ទំនងមូលនិធិ
លោក គួច អាឡិច ជាមន្ត្រីទំនាក់ទំនងមូលនិធិ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។
លោក គួច អាឡិច កើតនៅក្នុងឆ្នាំ ១៩៦៧ នៅទីរួមខេត្ត បាត់ដំបង ប្រទេសកម្ពុជា។ ក្រោយមកគាត់បានទៅរស់នៅ និងបញ្ចាប់ការសិក្សានៅសហរដ្ឋអាមេរិក។ សព្វថ្ងៃលោករស់នៅ និងបម្រើការងារនៅឯសហរដ្ឋអាមេរិក។ លោក គួច អាឡិច មានបទពិសោធជាច្រើនដូចជា អ្នកគ្រប់គ្រងរោងចក្រ សម្លៀកបំពាក់ មជ្ឈមណ្ឌលទិញទំនិញ និងហាងលក់ទំនិញផ្សេងៗ ។ នៅក្នុងឆ្នាំ១៩៨៩ លោក គួច អាឡិច បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Trade Technical College នៅទីក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ លោកមានអាជ្ញាបណ្ណអ្នកគ្រប់គ្រងផ្នែកចំណីអាហារអាជីព ដែលទទួលស្គាល់ដោយ National Assessment Institutes ក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សព្វថ្ងៃគាត់គឺជាម្ចាស់ហាង 99 Cent Outlet និងហាងលក់ទំនិញរាយ នៅក្នុងទីក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
មុនពេលចូលបម្រើការក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោក គួច អាឡិច ធ្លាប់បម្រើការជាអ្នកឯកទេសផ្នែកកែច្នៃមាសរបស់ក្រុមហ៊ុន Chain and Cham Co., Ltd នៅក្នុងទីក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ១៩៩១ លោកបានបង្កើតអាជីវកម្មផ្ទាល់ខ្លួនរួមមាន A & Q Fashion, Donut King, Super Mercado San Carlos, Daily Donut និង 99 Cent Outlet។ មិនត្រឹមតែប៉ុននោះ គាត់ក៏ជាសហម្ចាស់កម្មសិទ្ធហាងជាច្រើនរួមមាន House Of donuts និង S & A One Dollar Store ក្នុងសហរដ្ឋអាមេរិក។ ក្រៅពីនេះ លោកក៏ជាសមាជិកនៃគណៈកម្មការសភាគណបក្សសាធារណរដ្ឋ នៃរដ្ឋវ៉ាស៊ីងតុន ឌីសី សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ២០០៦ និងជាសមាជិកនៃសភាពាណិជ្ជកម្មរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៩៣ មក។
ជំនួយការផ្ទាល់ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ សម្រាប់ប្រតិបត្តិការ
លោក សួង ចន្ថាត បានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងឆ្នាំ ២០០៥ ជាមន្រ្តីផ្នែកលក់និងទីផ្សារ។ បន្ទាប់មកលោកត្រូវបានតំឡើងតួនាទី ជាជំនួយការអគ្គលេខាធិការសិក្សានៅឆ្នាំ ២០០៩ ប្រធានប្រវត្តិសាលា និងជំនួយការប្រធានការិយាល័យសិក្សានៅឆ្នាំ ២០០៩ ស្មៀនជាន់ខ្ពស់ឆ្នាំ ២០១៦ និងជំនួយការផ្ទាល់ខ្លួនដល់ស្ថាបនិកប្រធាននិងនាយកប្រតិបត្តិនៅឆ្នាំ ២០១៧ ។
ជាមួយនឹងចំណេះដឹង បទពិសោធន៍ និងភាពល្អិតល្អន់ គាត់បានតំឡើងតួនាទី ជានាយករងប្រតិបត្ដិប្រតិការនៅឆ្នាំ ២០១៨។ បច្ចុប្បន្ន លោកមានតួនាទីជា ជំនួយការផ្ទាល់ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ សម្រាប់ប្រតិបត្តិការ ដែលតួនាទីនេះ គឺស្មើនឹង នាយកប្រតិបត្តិការ។ លោកក៏ទទួលខុសត្រូវលើការងារច្បាប់ ការដោះស្រាយបញ្ហា និងវិវាទរបស់បុគ្គលិកផងដែរ។
លោកបានទទួលបរិញ្ញាបត្ររដ្ឋបាលអាជីវកម្ម ផ្នែកគណនេយ្យនៅឆ្នាំ ២០០៧ និងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនអំពីសេវាកម្មអតិថិជន ទីផ្សារយុទ្ធសាស្រ្តរដ្ឋបាលហិរញ្ញវត្ថុ និងធនាគារ៕
ប្រធាន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ
លោក ឡាយ សុភា បានចូលបម្រើការងារក្នុងមជ្ឈមណ្ឌលភាសា អេ អាយ អាយ តាំងពីឆ្នាំ២០០៦ ដែលនៅពេលនេះលោកជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង។ ចាប់តាំងពីបម្រើការងារ ក្នុងមជ្ឈមណ្ឌលភាសា អេ អាយ អាយ មក លោកត្រូវបានគេតំឡើងតួនាទីច្រើន ដូចជាពីគ្រូភាសាអង់គ្លេសក្រៅម៉ោង ទៅគ្រូភាសាអង់គ្លេសពេញម៉ោង ពីមន្ត្រីទំនាក់ទំនងអន្តរជាតិ និងមន្ត្រីរដ្ឋបាល TOEFL ទៅអនុប្រធាន សម្របសម្រួលកម្មវិធីសិក្សា ពីជាអនុប្រធានក្រុមប្រឹក្សាភិបាលសម្រាប់កិច្ចការអប់រំ ទៅនាយកសាខានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក ពីនាយកសាខានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក ទៅជាអនុប្រធាន និងចុងក្រោយនេះជាប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ នាពេលបច្ចុប្បន្ននេះ។
លោក សុភា មានបទពិសោធន៍ក្នុងវិស័យអប់រំជាប្រធានកម្មវិធីសិក្សាចាប់តាំងពីឆ្នាំ២០០១ មកម្ល៉េះ។ ក្នុងនាមជាប្រធានកម្មវិធីសិក្សាម្នាក់ គាត់ទទួលខុសត្រូវក្នុងការដឹកនាំសាលាទាំងមូល។ គាត់ទទួលជោគជ័យក្នុងការបង្កើត កម្មវិធីផ្លាស់ប្តូរបទពិសោធន៍សិក្សានៅមហាវិទ្យាល័យ Chichester ក្នុងចក្រភពអង់គ្លេស គាត់ជាមេប្រយោគសម្រាប់ការប្រឡង the Cambridge ESOL និងបានបង្កើតមជ្ឈមណ្ឌល ធ្វើតេស្តដែលមានការទទួលស្គាល់ សម្រាប់ការប្រឡង Anglia Examination Syndicate និង TOEFL iBT។
គាត់បានទៅរស់នៅសហរដ្ឋអាមេរិក និងទទួលបានការអប់រំនៅទីនោះតាំងតែពីគាត់អាយុ២ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្ននេះគាត់រស់នៅក្នុងរាជធានីភ្នំពេញជាមួយគ្រួសាររបស់គាត់។
ប្រធាន នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង
លោកស្រី រស់ យ៉ាណា កើតនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៨១ នៅរាជធានីភ្នំពេញ។ លោកស្រីទទួលបានសញ្ញាបត្រមធ្យមសិក្សាគរុកោសល្យ នៃសាលាគរុកោសល្យ និងវិក្រិតការរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០០១។ នៅឆ្នាំ២០០១ នោះដែរលោកស្រីបានចេញទៅបម្រើការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាសាធារណៈ ហើយក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រង់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
លោកស្រី រស់ យ៉ាណា បានចូលបម្រើការងារនៅសាលារៀន អន្ដរទ្វីប អាមេរិកាំង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ក្នុងតួនាទីជាគ្រូបង្រៀនពេញម៉ោង។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារជូនសាលារៀន អន្ដរទ្វីប អាមេរិកាំង លោកស្រីទទួលបានការដំឡើងតួនាទីជាបន្ដបន្ទាប់។ នៅក្នុងឆ្នាំ២០០៦ លោកស្រីត្រូវបានដំឡើងតួនាទីពីគ្រូបង្រៀនបឋមសិក្សា ទៅជាចាងហ្វាងរងផ្នែកមត្តេយ្យ និងបឋមសិក្សា។ ដោយសារសមត្ថភាពដឹកនាំល្អរបស់លោកស្រីចំពោះស្ថាប័ន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ លោកស្រីត្រូវបានដំឡើងតួនាទីជា អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង ហើយក្លាយជាប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន។
លោកស្រី រស់ យ៉ាណា បានពេញការងារយ៉ាងល្អប្រសើរជូនស្ថាប័នអស់រយៈពេលជាងមួយទស្សវត្សរ៍កន្លងមកនេះ។ លោកស្រី គឺជាថ្នាក់ដឹកនាំមួយរូបដែលមានការប្តេជ្ញាចិត្តខ្ពស់ពោរពេញដោយគំនិតច្នៃប្រឌិត ប្រកបដោយក្រមសីមធម៌វិជ្ជាជីវៈក្នុងការបំពេញការងារ។ សាលារៀនមានការកោតសរសើរយ៉ាងស្មោះចំពោះលោកស្រី ដែលលោកស្រីមានការលះបង់ខ្ពស់ និងខិតខំអស់ពីកម្លាំងកាយចិត្តបំពេញការងារ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍស្ថាប័នឱ្យទទួលបានជោគជ័យ រហូតមកដល់បច្ចុប្បន្ននេះ៕
នាយករដ្ឋបាល
លោក វង្ស សុវណ្ណារ័ត្ន ត្រូវបានតែងតាំងជានាយករដ្ឋបាល ក្នុងឆ្នាំ២០១១ ជាមួយនឹងតួនាទីនេះគាត់មានភារកិច្ចក្នុងការគ្រប់គ្រងលើកិច្ចការដ្ឋបាលទាំងស្រុង និងជួយចាត់ចែងការងារតាមការិយាល័យផ្សេងៗ ដែលស្ថិតក្រោមផ្នែករដ្ឋបាលគឺ ការិយាល័យរដ្ឋបាល ការិយាល័យផ្តល់ព័ត៌មាន បណ្ណសារដ្ឋាន បណ្ណាល័យ ម៉េងលី ជេ. គួច ឃ្លាំង ម៉េងលី ជេ. គួច អេឌ្យូខេសិន និងការិយាល័យកិច្ចការសិស្ស ផងដែរ។
លោក វង្ស សុវណ្ណារ័ត្ន បានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងឆ្នាំ២០០៧ ជាមន្រ្តីរដ្ឋបាល។ គាត់បានតែងតាំងជានាយករងរដ្ឋបាល ក្នុងឆ្នាំ២០០៩។
បើនិយាយពីការសិក្សាវិញ លោក វង្ស សុវណ្ណារ័ត្ន បានទទួលសញ្ញាបត្របរិញ្ញាបត្រជំនាញនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា៕
នាយកហិរញ្ញវត្ថុ
លោក សាវ៉េត ញាណបញ្ញា បានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យកម្ពុជា។ នៅក្នុងឆ្នាំ ២០១៣ លោកបានទទួលអាហារូបករណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សាកម្មវិធី ACCA នៅវិទ្យាស្ថាន CamEd។ ដោយមានគុណវុឌ្ឍិល្អនៅក្នុងការសិក្សា ក្នុងឆ្នាំ ២០១៣ លោកបានចាប់ផ្តើមអាជីពដំបូង ជាសវនករនៅក្នុងក្រុមហ៊ុន PricewaterhouseCoopers Cambodia (PwC) ដែលជាក្រុមហ៊ុនសវនកម្មធំមួយក្នុងចំណោមក្រុមហ៊ុនសវនកម្មធំៗទាំងបួននៅលើពិភពលោក។ ក្នុងអំឡុងពេលធ្វើការជាមួយក្រុមហ៊ុន PwC លោកទទួលបានបទពិសោធន៍ និងបង្កើនចំណេះដឹងយ៉ាងច្រើនទៅលើការងារសវនកម្ម ស្ទើរតែគ្រប់វិស័យ ដែលក្នុងនោះមានដូចជា ក្រុមហ៊ុនសាជីវកម្ម ធនាគារ មីក្រូហិរញ្ញវត្ថុ រោងចក្រផលិតកម្ម អង្គការមិនមែនរដ្ឋាភិបាល ។ល។
លោកបានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងតួនាទីជា ប្រធានសវនកម្មផ្ទៃក្នុង នៅខែឧសភា ឆ្នាំ២០១៧។ នៅខែកុម្ភៈឆ្នាំ ២០១៨ លោកត្រូវបានថ្នាក់ដឹកនាំផ្ទេរតួនាទី ទៅជួយនាយកដ្ឋានហិរញ្ញវត្ថុ ដោយមានតួនាទីជាប្រធានគណនេយ្យ ហើយក្រោយមកទៀតចាប់ពីខែមករាឆ្នាំ ២០១៩ លោកត្រូវបានថ្នាក់ដឹកនាំតំឡើងតួនាទីជានាយកហិរញ្ញវត្ថុ ដោយមានទំនួលខុសត្រូវ គ្រប់គ្រងទៅលើគ្រប់ទិដ្ឋភាពហិរញ្ញវត្ថុទាំងអស់របស់ក្រុមហ៊ុនទាំងមូលរហូតមកដល់សព្វថ្ងៃ។
នាយកព័ត៌មានវិទ្យា
តាំង សំអៀង បានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ដំបូលជាប្រធានសវនកម្មផ្ទៃក្នុងផ្នែកព័ត៌មានវិទ្យា នៅខែមករា ឆ្នាំ២០១៧។ បន្ទាប់មកទៀត នៅក្នុងខែ កក្កដា ឆ្នាំ ២០១៧ គាត់ត្រូវបានតម្លើងដំណែងជាប្រធានស្តីទីផ្នែកព័ត៌មានវិទ្យា។ ហើយបច្ចុប្បន្ននេះគាត់មានតួនាទីជា នាយកផ្នែកព័ត៌មានវិទ្យា។ មុនពេលចូលបម្រើការងារក្នុងក្រុមហ៊ុន ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន គាត់ធ្លាប់បម្រើការងារជា ជាប្រធានផ្នែកព័ត៌មានវិទ្យា នៅក្នុងក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញ។ ជាងនេះទៅទៀត គាត់ក៏ធ្លាប់បម្រើការងារជាមន្រ្តីសវនករ និងមន្រ្តីសវនករជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យា នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផងដែរ។
ចំពោះការសិស្សារបស់គាត់វិញ គាត់ទទួលបានបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ មេគង្គកម្ពុជា និងបរិញ្ញាបត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅទីក្រុងភ្នំពេញ។ ក្រៅពីបញ្ចប់បរិញ្ញាបត្រ គាត់ក៏បានបញ្ចប់វគ្គជំនាញផ្សេងៗ ដែលទាក់ទងនឹងប្រព័ន្ធសន្តិសុខ និងសវនកម្មព័ត៌មានវិទ្យា រួមមាន៖ Certified Information System Auditor (CISA), Usable Security, Information Security and Risk Management, Building an Information Risk Management, and Design and Executive of Information Security Strategy.
នាយិការងផ្នែកធនធានមនុស្ស
លោកស្រី សុង ចរិយា ចូលបំពេញការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួចអេឌ្យូខេសិននៅខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងតួនាទីជាប្រធានគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិក លុះនៅឆ្នាំ២០១៨ លោកស្រីត្រូវបានផ្តល់ឱកាស និងដំឡើងតួនាទីទៅជាប្រធានផ្នែកធនធានមនុស្ស មានទំនួលខុសត្រូវមើលលើផ្នែកធនធានមនុស្សទាំងស្រុង។ លោកស្រីមានបទពិសោធន៍ជាង១០ឆ្នាំនៅក្នុងវិស៍យខុសៗគ្នាដូថជា មន្ត្រីធនធានមនុស្ស ប្រធានក្រុមផ្នែកលទ្ធកម្មុំនៅក្នុងវិស័យរោងចក្រ មន្រ្តីធនធានមនុស្សនិងទំនាក់ទំនងផ្ទៃក្នុងនៅក្នុងវិស័យម្ហូប អាហារ និងអ្នកជំនាញផ្នែកធនធានមនុស្សជាន់ខ្ពស់នៅក្នុងវិស័យទូរគមនាគមន៍។
លោកស្រីទទួលបានបរិញ្ញាបត្រអប់រំបង្រៀនភាសាអង់គ្លេសពីសាកលវិទ្យាល័យបៀលប្រាយនិងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធុរកិច្ចទូទៅពីសាកលវិទ្យាល័យបៀលប្រាយផងដែល៕
ប្រធានគ្រប់គ្រងប្រតិបត្តិការ នៃបណ្ណាគារ អន្តរទ្វីប
លោក វង្ស សុភ័ក្រ ជាប្រធានគ្រប់គ្រងប្រតិបត្តិការ បណ្ណាគារ អន្តរទ្វីប នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ស្ថិតក្នុងមុខតំណែងនេះ គាត់មានភារកិច្ច ដឹកនាំ និងសម្របសម្រួលប្រតិបត្តិការរបស់ក្រុមហ៊ុន និងទទួលខុសត្រូវក្នុងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបង្កើនប្រាក់ចំណេញឱ្យក្រុមហ៊ុនតាមរយៈការចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន។ គាត់រាយការណ៍ដោយផ្ទាល់ទៅស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។
លោក វង្ស សុភ័ក្រ បានចាប់ផ្តើមការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្នុងឆ្នាំ២០១១ ក្នុងតួនាទីជាមន្រ្តីការិយាល័យកិច្ចការសិស្ស ក្រោយមកលោកត្រូវបានតែងតាំងជាមន្រ្តីផ្នែកធនធានមនុស្សនៅក្នុងឆ្នាំ២០១៤ ហើយក៏ត្រូវបានតែងតាំងជាជាលេខាប្រតិបត្តិការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៅក្នុងឆ្នាំដដែលផងដែរ។ នៅក្នុងឆ្នាំ២០១៥ លោកត្រូវបានដំឡើងតួនាទីទៅជាលេខាប្រតិបត្តិអគ្គនាយករដ្ឋបាល ហើយបន្ទាប់មកត្រូវបានដំឡើងតួនាទីជាប្រធានរដ្ឋបាលនៅក្នុងឆ្នាំ២០១៦។ នៅក្នុងឆ្នាំ២០១៨ លោកត្រូវបានដំឡើងតួនាទីជានាយកប្រតិបត្តិការ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ហើយលោកក៏ត្រូវបានតែងតាំងជាជំនួយការផ្ទាល់ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ផងដែរ នៅក្នុងខែមេសា ឆ្នាំ២០២០។ លោក វង្ស សុភ័ក្រ កាន់តួនាទីជាប្រធានប្រតិបត្តិការ នៃបណ្ណាគារ អន្តរទ្វីប តាំងពីដើមឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន។
លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ជំនួយការផ្ទាល់ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
លោក ហង្ស ពិសិដ្ឋ បានចូលបម្រើការក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅដើមឆ្នាំ២០១៨ ជានាយករងផ្នែកប្រតិបត្តិការ។ ក្រោយមក ក្នុងខែមិថុនា ឆ្នាំ២០១៨ គាត់ត្រូវបានដំឡើងតំណែងជាជំនួយការផ្ទាល់ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។
មុនពេលចូលបម្រើការនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកបានធ្វើការងារមួយចំនួនដូចជា គ្រូបង្រៀនវិទ្យាល័យ សាស្ត្រាចារ្យ អ្នកនិពន្ធ និងបកប្រែ ហើយចុងក្រោយគឺធ្វើការជាប្រធានគ្រប់គ្រងគម្រោងស្រាវជ្រាវ តាមដាន និងវាយតម្លៃ នៃអង្គការអន្តរជាតិ និងអង្គការជាតិអស់រយៈពេលប្រាំឆ្នាំ។ លោកក៏បានបោះពុម្ពអត្ថបទ និងរបាយការណ៍ស្រាវជ្រាវអប់រំមួយចំនួនផងដែរ។
លោក ហង្ស ពិសិដ្ឋ បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ជំនាញការគ្រប់គ្រង និងផែនការអប់រំ ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០១១។ លោកក៏បានបញ្ចប់សញ្ញាបត្រ គ្រូបង្រៀនកម្រិតឧត្ដម ឯកទេសភាសាខ្មែរ-អង់គ្លេស ពីវិទ្យាស្ថានជាតិអប់រំ ក្នុងឆ្នាំ ២០០៥ និងបរិញ្ញាបត្រ អក្សរសាស្រ្តខ្មែរ ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០០៤។ លោកមានជំនាញឯកទេសលើការរៀបចំផែនការអប់រំ ការវិភាគគោលនយោបាយអប់រំ ការតាមដាន និងវាយតម្លៃគម្រោងអប់រំ វិធីសាស្រ្តស្រាវជ្រាវ និងកម្មវិធិកុំព្យូទ័រសម្រាប់ការវិភាគទិន្នន័យផងដែរ។
ជំនួយការផ្ទាល់ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
លោក សាយ ភិរម្យ ជំនួយការផ្ទាល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ជាមួយមុខតំណែងនេះ លោកសម្របសម្រួលប្រតិបត្តិការមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយធ្វើការសហការជាមួយប្រធានសាលាទាំងពីរនោះ។ លោកជាអ្នករបាយការណ៍ផ្ទាល់នូវរាល់បញ្ហាទាំងអស់ទៅកាន់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ លើសពីនេះទៅទៀត លោកក៏ជាអ្នកធ្វើការយ៉ាងជិតស្និទ្ធជាមួយមូលនិធិ ម៉េងលី ជេ. គួច ដើម្បីធ្វើកិច្ចការសប្បុរសធម៌សម្រាប់សង្គមជាតិ។
លោក សាយ ភិរម្យ បានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេស នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ លោកត្រូវបានគណៈគ្រប់គ្រងក្រុមហ៊ុនដំឡើងតួនាទីទៅជាមន្រ្ដីប្រតិបត្ដិការ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។ ដោយសារការយកចិត្តទុកដាក់ ស្រឡាញ់ការងារ ការប្តេជ្ញាចិត្ត និងភាពឧស្សាហ៍ព្យាយាមរបស់លោកក្នុងការបំពេញការងារ លោកត្រូវបានគណៈគ្រប់គ្រងក្រុមហ៊ុនដំឡើងតួនាទីជាបន្តបន្ទាប់ដូចជា ពីមន្រ្ដីប្រតិបត្ដិការ ទៅជានាយករងប្រតិបត្តិការ ពីនាយករងប្រតិបត្តិការ ទៅជាអគ្គនាយករងប្រតិបត្តិការ និងផ្លាស់ប្ដូរតួនាទីពីអគ្គនាយករងប្រតិបត្តិការ ទៅជាអគ្គនាយករងអប់រំ។ ដោយសារភាពរីកចម្រើនរបស់ក្រុមហ៊ុន និងមានការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងការគ្រប់គ្រងថ្មីចាំបាច់ទៅតាមសម័យកាលបច្ចុប្បន្ននេះ លោក សាយ ភិរម្យ ត្រូវបានតែងតាំងជាជំនួយការផ្ទាល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។
លោក សាយ ភិរម្យ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ ពីវិទ្យាស្ថានភាសាបរទេស(IFL) លើមុខជំនាញបង្រៀនភាសាអង់គ្លេសជាភាសាបរទេស ឬហៅជាភាសាអង់គ្លេសថា TEFL ក្នុងឆ្នាំ២០១៣។ លោកបានទទួលរង្វាន់ជាគ្រូដែលមានភាពស្មោះត្រង់បំផុត គ្រូនិទ្ទេសល្អ (Grade A) និងត្រូវបានជ្រើសរើសជាប់ជាគ្រូឆ្នើមមួយរូប ក្នុងកំឡុងពេលដែលលោកបង្រៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ៕
លេខាធិការប្រតិបត្តិ នៃការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
កញ្ញា ស្រេង លាភា មានតួនាទីជា លេខាធិការប្រតិបត្តិ នៃការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ កញ្ញាជាអ្នកដឹកនាំក្រុមលេខាធិការ ក្នុងការអនុវត្តប្រតិបត្តិការងារទូទៅក្នុងការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ ក្នុងនាមជាលេខាធិការប្រតិបត្តិ នាងមានតួនាទីសំខាន់ក្នុងការផ្តល់ការជួយគាំទ្រការងាររដ្នបាល និងការងារហិរញ្ញវត្ថុទូទៅដោយផ្ទាល់ដល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ព្រមទាំងក្រុមប្រឹក្សាភិបាល។ នាងធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ និងចូលរួមក្នុងដំណើរការនៃការសម្រចចិត្តក្នុងកិច្ចការប្រតិបត្តិការរបស់ក្រុមហ៊ុន។ ដោយហេតុនេះ នាងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដើម្បីជំរុញការជោគជ័យនៃប្រតិបត្តិការទូទៅរបស់ក្រុមហ៊ុន។
កញ្ញា បានចូលបម្រីការងារក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានតួនាទីជា ជំនួយការមន្រ្តីរដ្ឋបាល ក្នុងខែសីហា ឆ្នាំ២០១១។ នៅខែមេសា ឆ្នាំ២០១៣ នាងត្រូវបានតំឡើងតួនាទីជា លេខាធិការ ការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ហើយនៅក្នុងឆ្នាំដដែល នាងក៏ត្រូវបានតំឡើងតួនាទីជា លេខាធិការប្រតិបត្តិ ការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។
កញ្ញា ស្រេង លាភា បានបញ្ចប់ការសិក្សានៅសាលកវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៩ ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍។ នាងកើត និងធំធាត់ឡើងនៅក្នុងខេត្តបាត់ដំបង និងបានបញ្ចាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០០៦ នៅទីនោះផងដែរ។